ស្វែងយល់ពី អតិផរណា / Inflation ( និយមន័យ, ប្រភេទ, និងផលប៉ះពាល់)
- PSN Daily
- Mar 26, 2021
- 3 min read

អតិផរណា
១. សេចក្តីផ្តើម(Introduction)
ម៉ាក្រូសេដ្ឋកិច្ច គឺជាការសិក្សាអំពីដំណើរប្រព្រឹត្តរបស់ខឿនសេដ្ឋកិច្ច នៅក្នុងទ្រង់ទ្រាយទូលាយ។ម៉ាក្រូសេដ្ឋកិច្ចជាប់ទាក់ទងទៅនឹងដំណើរប្រព្រឹត្តនៃចំនួនសរុបរបស់សេដ្ឋកិច្ចភាគច្រើន ដូចជាការប្រើប្រាស់សរុប ការវិនិយោគសរុប ការនាំចេញសរុប និងថ្លៃមធ្យមនៃទំនិញនិងសេវាកម្មទាំងអស់ ។
អនាគតខាងនយោបាយ សង្គមនិងយោធានៃប្រជាជាតិទាំងឡាយពឹងផ្អែកទាំងស្រុងទៅលើជោគជ័យខាងសេដ្ឋកិច្ច។តែមានប្រទេសជាច្រើនមិនជឿនលឿន និងរងការឈឺចាប់ដោយសារអតិផរណា យ៉ាងលឿន ឱនភាពជញ្ជីងពាណិជ្ជកម្ម យ៉ាងធំធេង និងជំពាក់បំណុលបរទេស យ៉ាងច្រើន ដែលជំរុញអោយជីវភាពរស់នៅរបស់ពួកគេធ្លាក់។ក្នុងនោះផងដែរយើងឃើញថាអតិផរណាគឺជាបញ្ហាមួយដែលធ្វើអោយមានផលប៉ះពាល់ដល់ជីវភាពរបស់ប្រជាជនក្នុងប្រទេសមួយ។ប្រជាជនភាគច្រើនរអ៊ូទាំអំពីឥទ្ធិពលរបស់វា នៅពេលដែលអតិផរណាកើតឡើង។ដូច្នេះបានជាយើងត្រូវយកចិត្តទុកដាក់ទៅលើបញ្ហាអតិផរណានេះ និងសិក្សាដើម្បីដឹងពី៖
· តើមានផលប៉ះពាល់អ្វីខ្លះដែលបណ្តាលមកពីអតិផរណា?
· តើអ្វីជាមូលហេតុដែលនាំអោយមានអតិផរណា?
· តើក្នុងករណីណាខ្លះដែលប្រជាជនទទួលបានផលប្រយោជន៍ពីអតិផរណា? ដែលចំនុចបន្ទាប់យើងនឹងធ្វើការបកស្រាយទៅលើបញ្ហានេះ។
២. និយមន័យ(Definition)
អតិផរណា គឺជាត្រូវបានគេកំណត់ថាគឺជាការកើនឡើងរយះពេលវែងក្នុងកំរិតថ្លៃទូទៅសំរាប់ទំនិញនិងសេវាកម្មក្នុងប្រទេសមួយ និងវាស់វែងការប្រែប្រួលជាភាគរយប្រចាំឆ្នាំ។មនុស្សភាគច្រើនស្គាល់ពីអតិផរណា ដែលមានន័យថាជាការកើនឡើងកំរិតថ្លៃទូទៅ មិនមែនគ្រាន់តែថ្លៃទំនិញ ឬសេវាកម្មមួយមុខ ឬ ពីរមុខនោះទេ តែជាថ្លៃស្ទើតែគ្រប់ទំនិញទាំងអស់។ការកើនឡើងនៃអតិថរណា ធ្វើអោយ លុយរបស់អ្នកទិញបានទំនិញតិចជាងមុន។ក្នុងពេលដែលថ្លៃកើនឡើង ដែលផ្ទុយមកវិញតំលៃនៃលុយធ្លាក់ចុះមានន័យថាអតិផរណាកើតឡើងហើយ។
តែយើងក៏ត្រូវស្វែងយល់ពាក្យមួយទៀតដែលផ្ទុយនឹងអតិផរណាគឺបរិត្តផរណា។ បរិត្តផរណា គឺកើតឡើងនៅពេលដែលកំរិតថ្លៃទូទៅធ្លាក់ចុះ។វាមានឥទ្ធិពលផ្ទុយពីអតិផរណា។បរិត្តផរណាមានកម្រកើតឡើងណាស់ហើយប្រសិនបើកើតឡើងវាមានរយះពេលខ្លីជាអតិផរណា។បរិត្តផរណាកើតឡើងក្នុងកំឡុងពេលមានវិបត្តិសេដ្ឋកិច្ចនិងអាចឈានទៅវិបត្តិសេដ្ឋកិច្ចកាន់តែខ្លាំងឡើង។
រូបិយវត្ថុគឺជារង្វាស់រង្វាល់នៅក្នុងខឿនសេដ្ឋកិច្ច។យើងវាស់វែងតំលៃនៃសេដ្ឋកិច្ចជារូបិយវត្ថុ ហើយយើងប្រើរូបិយវត្ថុដើម្បីដំណើរការសេដ្ឋកិច្ច។ វត្ថុផ្សេងៗដូចជាប្រាក់ឈ្នួល តំលៃផ្ទះ តំលៃអាគារ និងដីជាដើមត្រូវបានសំដែងដោយរូបិយវត្ថុ។ ការប្រែប្រួលតំលៃពិតរបស់រូបិយវត្ថុដោយសារ ការប្រែប្រួលកំរិតថ្លៃដែលមានឥទ្ធិពល។
កំឡុងពេលដែលមានបរិត្តផរណា ក៏អាចមានអតិផរណាកើតឡើងដែរក្នុងតំបន់មួយចំនួន។ជាក់ស្តែងក្នុងឆ្នាំ២០១៤ មានបរិត្តផរណាកើតឡើងចំពោះប្រេងនិងសាំង ខណះពេលនោះដែរថ្លៃរបស់ផ្ទះបានបន្តកើនឡើងទោះបីជាមានលក្ខណៈសន្សឹមៗក៏ដោយ។
តំលៃរបស់រូបិយវត្ថុ គឺទាក់ទងនឹងពាក្យអំណាចនៃការទិញ (Purchasing power)ដែលអំណាចនៃការទិញបានបង្ហាញពីតំលៃពិតរបស់លុយចំពោះទំនិញនិងសេវាកម្មដែលលុយរបស់អ្នកអាចទិញបានក្នុងពេលបច្ចុប្បន្ន។វាក្យស័ព្ទកំលាំងទិញ ឬអំណាចនៃការទិញ សំដៅទៅរកចំនួនទំនិញ និងសេវាកម្មអាចទិញបាន ដោយចំនួនរូបិយវត្ថុ។ពេលដែលអតិថរណាកើនឡើងវាច្បាស់ណាស់អំណាចនៃការទិញនឹងធ្លាក់ចុះ។ឧទាហរណ៍ អតិផរណាប្រចាំឆ្នាំ២% ក្នុងឆ្នាំ ២០១៧ ជាស្វ័យប្រវត្តិថ្លៃនៃស្ករកៅស៊ូ១$ ក្នុងឆ្នាំ២០១៦ បន្ទាប់មក ថ្លៃរបស់វាប្រែប្រួលទៅដល់១.០២$ ក្នុង២០១៧ ។បន្ទាប់ពីអតិផរណា លុយរបស់អ្នកមិនមានតំលៃដូចពេលអតីតកាលឡើយ។ ជាក់ស្តែងប្រទេសកម្ពុជាមានបំណងធ្វើយ៉ាងណាអោយកំរិតអតិផរណា ស្ថិតក្នុងចន្លោះ២-៣%ប៉ុនណ្នោះក្នុងមួយឆ្នាំតាមរយះ កម្មវិធីគោលនយោបាយ ដែលដាក់ចេញដោយធនាគារជាតិរបស់ប្រទេសនីមួយៗ។
៣. ប្រភេទនៃអតិផរណា (Types Of Inflation )
៣.១.អតិផរណាមធ្យម (Moderate Inflation)
អតិផរណាកម្រិតមធ្យម សំដៅទៅលើការកើនឡើងជាប្រចាំឆ្នាំ (single digit annual) នៅក្នុងកម្រិតតម្លៃទូទៅ។ ក្នុងកំឡុងពេលមធ្យម ថ្លៃកើនឡើងជាលំដាប់ ប៉ុន្តែស្ថិតនៅ កម្រិតស្រាល ឬមធ្យមពោល គឺតិចជាង 10% ឬ អត្រាអតិផរណាមួយខ្ទង់ ។ អត្រាអតិផរណាកំរិតមធ្យមអាចប្រែប្រួលពីប្រទេសមួយទៅប្រទេសមួយប៉ុន្តែទោះជាយ៉ាងណាក៏ដោយ លក្ខណៈពិសេសមួយនៃអត្រាអតិផរណានេះគឺវាអាចព្យាករណ៍បាន។
៣.២ Galloping Inflation
Galloping Inflation នេះសំដៅលើអត្រាអតិផរណាខ្ពស់ដែលនាំឱ្យមានការកើនឡើងខ្ពស់ នូវកម្រិតតម្លៃទូទៅ។ ជាទូទៅអត្រាអតិផរណាមាន ពីរឬបីខ្ទង់ និងត្រូវបានឆ្លុះបញ្ចាំងពីតម្លៃខ្ពស់នៃទំនិញនិងសេវាកម្មពោលគឺថ្លៃកើនឡើងច្រើន។ អតិផរណាពីរខ្ទង់ប្រែប្រួលពី 10% ទៅ 999% ក្នុងមួយឆ្នាំហើយមានភាពខុសប្លែកគ្នាយ៉ាងខ្លាំងរវាងដែនកំណត់ទាំងពីរនេះ។ ប្រទេសដែលមានអត្រាអតិផរណា 900% នឹងមានផលប៉ះពាល់ខ្លាំងជាងអតិផរណាពី 20% ទៅ 30% ។
៣.៣ អតិផរណាខ្ពស់)Hyper Inflation)
ដូចដែលឈ្មោះបានលើកឡើងថា អតិផរណាខ្ពស់ គឺជាស្ថានភាពនៅពេលដែលថ្លៃកើនឡើងក្នុងអត្រាខ្ពស់គួរឱ្យព្រួយបារម្ភពោលគឺច្រើនជាងបីខ្ទង់ក្នុងមួយឆ្នាំ។ តម្លៃឡើងខ្ពស់លើសពី 1000% ក្នុងមួយឆ្នាំ គឺជាការចាប់ផ្តើមនៃអតិផរណាខ្ពស់។ ក្នុងកំឡុងពេលនេះរូបិយវត្ថុ មិនមានតំលៃហើយប្រជាជនចាប់ផ្តើមធ្វើពាណិជ្ជកម្មជាប្រភេទដូចជាមាសនិងប្រាក់ហើយជារឿយៗត្រូវពឹងផ្អែកលើប្រព័ន្ធដោះដូរបុរាណវិញ (old barter system of commerce(។
៤. ប្រភេទនៃអតិផរណាផ្អែកលើមូលហេតុ (Types Of Inflation Based on its Cause)
៤.១ អតិផរណាដោយតម្រូវការ (Demand-pull Inflation)
អតិផរណាដោយតម្រូវការ កើតមាននៅពេលតម្រូវការសរុបកើនឡើងយ៉ាងឆាប់រហ័សជាងការផ្គត់ផ្គង់សរុប។ លុយច្រើនដូចមុន តែទិញទំនិញបានតិច។នៅពេលដែលប្រាក់ឈ្នួលរបស់បុគ្គលិកកម្មករកើនឡើង ពួកគេនឹងមានលុយបន្ថែមសំរាប់ចាយទៅលើទំនិញនិងសេវាកម្ម។ ជាលទ្ធផលនៅពេលមានការកើនឡើងតំរូវការ ក្រុមហ៊ុននឹងបង្កើនថ្លៃ។ នៅពេលដែលមានតម្រូវការច្រើន អ្នកផលិតអាចបង្កើនតម្លៃផលិតផលរបស់គេនិងទទួលបានប្រាក់ចំណេញខ្ពស់។
៤.២ អតិផរណាដោយថ្លៃដើម (Cost-Push Inflation)
អតិផរណាដោយថ្លៃដើម កើតឡើងនៅពេលតម្លៃវត្ថុធាតុដើមកម្លាំងពលកម្មនិងធាតុចាំបាច់សម្រាប់ផលិតទំនិញចុងក្រោយកើនឡើង។ អតិផរណាបែបនេះជារឿយៗបណ្តាលមកពី ក្រុមផ្តាច់មុខ នៃសង្គមមួយដូចជាសហជីពកម្មករ និងក្រុមហ៊ុននានាក្នុងភាពផ្ដាច់មុខនិងការកំណត់ទីផ្សារ។សហជីពការងារដ៏រឹងមាំ ធ្វើអោយប្រាក់ឈ្នួលកើនឡើងដែលនាំឱ្យមានការកើនឡើងតម្លៃទំនិញនិងសេវាកម្ម។ ការកើនឡើងនៃកម្រិតតម្លៃនេះត្រូវបានគេហៅថា អតិផរណាដោយប្រាក់ឈ្នួល(wage-push inflation) ។ ម្យ៉ាងវិញទៀតក្រុមហ៊ុនដែលទទួលបានភាពផ្ដាច់មុខនៅក្នុងទីផ្សារនេះបានបង្កើនកម្រិតថ្លៃ ដើម្បីបង្កើនប្រាក់ចំណេញរបស់ពួកគេដោយហេតុថាតម្លៃទូទៅបានកើនឡើង។ នេះត្រូវបានគេហៅថា អតិផរណាដោយប្រាក់ចំណេញ(profit-push inflation) ។
៥. ផលប៉ះពាល់នៃអតិផរណា(The Effects of Inflation)
គ្រប់អ្វីៗទាំងអស់ក្នុងលោកតែងតែមានគុណសម្បត្តិនិងគុណវិប្បត្តិរបស់វាជានិច្ច។ដូចគ្នាដែរអតិផរណាក៏បែបនឹងដែរ។បើយើងមើលមួយភ្លែតយើងនឹងឃើញតែគុណវិប្បត្តិរបស់វាទេដោយសារយើងយល់ថាការកើនឡើងថ្លៃ ធ្វើអោយអំណាចទិញធ្លាក់ចុះ តែទោះយ៉ាងណាក៏វាមានគុណសម្បត្តិរបស់វាដែរ។
ក.គុណសម្បត្តិ
១.បន្ថយការចំណាយរបស់សហគ្រាសៈ
សហគ្រាមិនសូវចំណាយច្រើននៅពេលបង្កើនប្រាក់ឈ្នួលរបស់បុគ្គលិក កម្មករ។ឧទាហរណ៍ ប្រាក់ខែគោលរបស់កម្មករក្នុងឆ្នាំ ២០១៦ គឺ១៦០$ក្នុងមួយឆ្នាំ តែនៅឆ្នាំ ២០១៧ ពួកគេទទួលបានប្រាក់ឈ្នួលកើនឡើង ១២.៥% ស្មើនឹង ១៨០$ដែលស្ថិតក្នុងអតិផរណា ៩%។ តែបើតាមពិតម្ចាស់សហគ្រាសបង្កើនប្រាក់ឈ្នួលអោយកម្មករត្រឹមតែ ៣.៥% ដោយសារអតិផរណាក្នុងឆ្នាំ ២០១៧ ស្មើនឹង ៩% ។
២.ជួយដល់អ្នកជំពាក់បំណុលគេ(Debtor)៖
អតិផរណាធ្វើអោយអ្នកជំពាក់បំណុលមានការឈឺចាប់ ប៉ុន្តែបានជួយដល់អ្នកជំពាក់បំណុលគេ ព្រោះដោយសារមានការប្រែប្រួលអត្រាការពិត។ឥទ្ធិពលនៃអតិផរណាអាចត្រូវបានគេពន្យល់តាមអត្រាការប្រាក់ពិត។ឧទាហរណ៍ ក្នុងកិច្ចព្រមព្រៀងកិច្ចសន្យាខ្ចីប្រាក់ពីធនាគារ ភាគីទាំងសងខាងបានព្រមព្រៀងថា អត្រាការប្រាក់ក្នុងមួយឆ្នាំគឺ ៣% ដោយម្ចាស់បំណុលសង្ឃឹមថានឹងទទួលបានអត្រា ៣% នៅឆ្នាំបន្ទាប់។ នៅឆ្នាំបន្ទាប់កូនបំណុលបានបង់ប្រាក់ដើមនិង អត្រាការប្រាក់៣%ដែលស្ថិតក្នុងអតិផរណាប្រចាំឆ្នាំគឺ ២% ទៅអោយម្ចាស់បំណុល។ មានន័យថាម្ចាស់បំណុលទទួលបានអត្រាការប្រាក់ពិតត្រឹមតែ ១% ប៉ុនណ្នោះដោយសារអតិផរណា។ អ្នកដែលទទួលបានផលចំណេញគឺកូនបំណុល។
· Real Interest Rate = Nominal Interest Rate – Inflation Rate
៣.អតិផរណាអាចជួយជំរុញសេដ្ឋកិច្ច (Inflation can boost growth):
នៅពេលមានអតិផរណាទាបសេដ្ឋកិច្ចអាចជាប់គាំងក្នុងវិបត្តិ។ការកំណត់ទិសដៅអត្រាអតិផរណាខ្ពស់អាចជួយជំរុញកំណើនសេដ្ឋកិច្ច។មិនមែនអ្នកសេដ្ឋវិទូទាំងអស់ទេដែលនឹងគាំទ្រដល់ការកំណត់អត្រាអតិផរណាខ្ពស់។ទោះជាយ៉ាងណាក៏ដោយពេលខ្លះ យើងត្រូវកំណត់គោលដៅអតិផរណាខ្ពស់ប្រសិនបើសេដ្ឋកិច្ចត្រូវជាប់គាំងនៅក្នុងវិបត្តិសេដ្ឋកិច្ចយូរ។ឧមាថា ដោយស្ថិតក្នុងអតិផរណាប្រចាំឆ្នាំស្មើសូន្យ កម្មករតំរូវអោយសហគ្រាសតំឡើងប្រាក់ ៣% នៃប្រាក់ឈ្នួលដើម នាំអោយការចំណាយរបស់សហគ្រាសកើនឡើង ៣% នៃកម្មករម្នាក់ៗ។ តែដើម្បីអោយការចំណាយនៅដដែល ម្ចាស់សហគ្រាសត្រូវបង្ខំចិត្តកាត់បន្ថយបុគ្គលិក ដែលនាំអោយមានបញ្ហានិកម្មភាពកើតឡើង ដែលនេះហើយគឺជាបញ្ហារបស់សេដ្ឋ។
៤.បង្កើនតំរូវការក្នុងរយះពេលខ្លះ(Increases demand in the short term):
នៅពេលមាន អតិផរណាកើតឡើង អ្នកប្រើប្រាស់រំពឹងគិតថាថ្លៃនឹងកើនឡើងនៅថ្ងៃស្អែកពួកគេនឹងទិញទំនិញនៅថ្ងៃនេះច្រើនជាជាងការចំណាយនៅថ្ងៃក្រោយ។ជាលទ្ធផលហាងលក់កាន់តែច្រើនហើយរោងចក្រជាច្រើនផលិតបានច្រើន។ពួកគេទំនងជាជួលកម្មករថ្មីបន្ថែមដើម្បីបំពេញតម្រូវការ នេះគឺជាការជួយជំរុញសេដ្ឋកិច្ច។
ខ.គុណវិប្បត្តិ
ឥទ្ធិពលនៃអតិផរណាគឺវាធំហើយវាមិនគ្រាន់តែប៉ះពាល់ដល់អំណាចទិញទៅលើទំនិញនិងសេវាកម្មមួយ ឬពីរទេ។វាមានឥទ្ធិពលគ្រប់ជ្រុងនៃការរស់នៅ។ថ្លៃម្ហូបកើនឡើង,ថ្លៃដឹកជញ្ជូនកើនឡើង,ប្រេងសាំងកើនឡើងនិងថ្លៃទំនិញនិងសេវាកម្មដទៃទៀត។បញ្ហាទាំងនេះប៉ះពាល់ដល់ការសន្សំរយះពេលយូរ និងឈានទៅប៉ះពាល់ដល់ដល់ពេលដែលយើងចូលនិវត្តន៍។
១.ប៉ះពាល់ដល់អ្នកដែលផ្ញើរលុយក្នុងធនាគារ(Inflation hurts savers):
ពួកគេនឹងទទួលបានផលចំពេញពីអត្រាការប្រាក់ពិតនៃប្រាក់បញ្ញើរបស់គាត់តិចជាងមុន។អំណាចទិញនៃការសន្សំនឹងជះឥទ្ធិពល។បាតុភូតនេះជួនកាលត្រូវបានគេហៅថា cash-drag (Cash-drag ជាការបាត់បង់តំលៃលុយក្នុងការវិនិយោគក្នុងរយះពេលមួយ)។
២.ប៉ះពាល់ដល់បុគ្គលិកនិងកម្មករ (Inflation hurts Workers):
អតិផរណាដែលមិនបានរំពឹងទុក មុន ផ្តល់ផលអាក្រក់ដល់អ្នកទាំងឡាយដែលមានសិទ្ធិទទួលប្រាក់។ ឧទាហរណ៍ ចាត់ទុកថាកិច្ចសន្យាប្រាក់ឈ្នួលដែលបានបញ្ជាក់បង្កើនប្រាក់ឈ្នួល ៣% ទៅលើការសន្មត់ថាកំរិតថ្លៃនឹងនៅថេរ។ ឥឡូវឧមានថា កំរិតថ្លៃដែលមិនបានរំពឹងទុកកើនឡើង១០% ពីលើជីវិនៃកិច្ចសន្យាប្រាក់ឈ្នួល។ កំណើនប្រាក់ឈ្នួល៣% ឥឡូវមានន័យថា បន្ថយកំលាំងទិញនៃប្រាក់ឈ្នួល ៧%។ ម៉្យាងទៀតការទទួលបានប្រាក់ខែថេរ ឬបុគ្គលិកនិងកម្មករដែលជាប់កិច្ចសន្យាមិនអាចកែប្រែនូវប្រាក់ខែរបស់ខ្លួនតាមអតិផរណាឡើយ ដែលធ្វើអោយធ្លាក់ចុះនូវកំលាំងទិញរបស់ពួកគេ។
៣. ធ្លាក់ចុះស្តង់ដារនៃការរស់នៅ(Decline standard of living):
ប្រជាជនដែលរបស់ក្នុងរបប់ប្រាក់ចំណូលថេរ,អ្នកចូលនិវត្តន៍ ពួកគេនឹងធ្លាក់ចុះនូវអំណាចទិញ ដែលវានាំអោយធ្លាក់ចុះនូវស្តង់ដារនៃការរស់នៅរបស់ពួកគេ ដែលបណ្តាលមកពីអតិផរណា។
៤.ធ្វើអោយប៉ះពាល់ដល់សេដ្ឋកិច្ចរយះពេលវែង(Inflation hurts economic output in the long run):
នៅពេលមានអតិផរណាកើនឡើងរយះពេលវែង នឹងបង្ករអោយមានបញ្ហាដល់ការផលិត មានន័យថាអ្នកប្រើប្រាស់នឹងបន្ថយការចំណាយនៅពេលថ្លៃកើនឡើង។ក្នុងករណីនេះនិងធ្វើអោយមានការប៉ះពាល់សេដ្ឋកិច្ចដោយសារតំរូវការថយចុះនាំអោយក្រុមហ៊ុនកាត់បន្ថយចំនួនបុគ្គលិក កម្មករ។
៥. ផលិតផលក្នុងស្រុកពិបាកប្រគួតប្រជែង(domestic products become lesscompetitive):
ប្រសិនបើអត្រាអតិផរណាក្នុងស្រុកធំជាងអត្រាអតិផរណាប្រទេសដទៃនោះទំនិញក្នុងស្រុកពិបាកប្រគួតប្រជែងជាមួយទំនិញដែលនាំចូលពីបរទេស។ ៦. ផលប៉ះពាល់នៃបរិត្តផរណា(The Effects of Deflation)
ចំណែកឯបរិត្តផរណាក៏ជាបញ្ហាដែលយើងត្រូវស្វែងយល់ស្របជាមួយអតិផរណា ថាតើវាមានផលអ្វីខ្លះដល់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ។ អតិផរណាបន្តិចបន្តួចគឺល្អសម្រាប់កំណើនសេដ្ឋកិច្ចប្រហែល ២-៣% ក្នុងមួយឆ្នាំ។សព្វនេះ សេដ្ឋកិច្ចនៃតំបន់អឺរ៉ុបកំពុងប្រឆាំងនឹងបរិត្តផរណាហើយធនាគារកណ្តាលអ៊ឺរ៉ុប(ECB) បានចាត់វិធានការ ក្នុងការកាត់បន្ថយបរិត្តផរណា។បរិត្តផរណាជារឿយៗកើតមានឡើងនៅក្នុងនិងក្រោយពេលនៃវិបត្តិសេដ្ឋកិច្ច។ នៅពេលសេដ្ឋកិច្ចជួបប្រទះវិបត្តិសេដ្ឋកិច្ច ដោយសារផលិតផលក្នុងសេដ្ឋកិច្ចធ្លាក់ចុះដោយសារតែតម្រូវការក្នុងការប្រើប្រាស់និងការធ្លាក់ចុះវិនិយោគ។
១.កាត់បន្ថយកំលាំងពលកម្ម (Reducing Labor Force) :
នៅពេលតម្លៃចាប់ផ្តើមធ្លាក់ចុះបន្ទាប់ពីការធ្លាក់ចុះ សេដ្ឋកិច្ច បរិត្តផរណាអាចនឹងបង្កឱ្យមានវិបត្តិកាន់តែធ្ងន់ធ្ងរថែមទៀត។នៅពេលតម្លៃធ្លាក់ចុះការផលិតមានល្បឿនយឺត។តម្រូវការថយចុះហើយភាពអត់ការងារធ្វើកើនឡើង ដោយហេតុថា ប្រជាជនពន្យាពេលនៃការទិញជាជាងការចំណាយនៅពេលបច្ចុប្បន្ន ពីព្រោះពួកគេរំពឹងថាថ្លៃនឹងធ្លាក់ចុះថែមទៀតនាពេលអនាគតនាំឱ្យមានការធ្លាក់ចុះនៃតម្លៃទ្រព្យសកម្មជាទូទៅ។ វិនិយោគិនក៏ចាប់ផ្តើមកាន់កាប់ប្រាក់ទុនបំរុងរបស់ខ្លួន ដើម្បីទប់ទល់នឹងការបាត់បង់ហិរញ្ញវត្ថុបន្ថែមទៀត ដោយសារពួកគេយល់ថា វិនិយោគច្រើន កាត់តែខាត ខណៈផលិតកម្មថយចុះ។ ដើម្បីបំពេញតម្រូវការទាប ក្រុមហ៊ុនកាត់បន្ថយកម្លាំងពលកម្មករ, ធ្វើអោយមានការកើនឡើងនៃភាពអត់ការងារធ្វើ។ បុគ្គលដែលមិនមានការងារធ្វើអាចមានការលំបាកក្នុងការស្វែងរកការងារថ្មីអំឡុងពេលមានវិបត្តិសេដ្ឋកិច្ច ហើយទំនងជានឹងលុបបំបាត់ការសន្សំរបស់ខ្លួន ដើម្បីបំពេញតាមតំរូវការចិញ្ចឹមជីវិត ដែលនៅទីបំផុតមិនទទួលបានកម្ចីផ្សេងៗ ដូចជាប្រាក់កម្ចីប្រាក់កម្ចីទិញរថយន្ត ,មិនអាចទទួលបានការសិក្សានិងការចំណាយផ្សេងៗទៀតឡើយ។
២.បរិត្តផរណាគឺអាក្រក់ណាស់សម្រាប់កូនបំណុល (Deflation is terrible for debtors):
តម្លៃនិងប្រាក់ឈ្នួលធ្លាក់ចុះប៉ុន្តែអត្រាការប្រាក់នៃបំណុលរបស់អ្នកមិនធ្លាក់ចុះទេ។ដូច្នេះអ្នកត្រូវបានបង្ខំឱ្យកាត់បន្ថយចំណាយ។
៣.កាត់បន្ថយចំណូលនៃអាជីវកម្ម (Reduced Business Revenues):
អាជីវកម្មត្រូវកាត់បន្ថយថ្លៃដើមផលិតផលរបស់ខ្លួនឱ្យបានខ្លាំងក្លាដើម្បីរក្សាការប្រកួតប្រជែង។ ច្បាស់ណាស់នៅពេលពួកគេកាត់បន្ថយថ្លៃរបស់ផលិតផលពួកគេចំណូលរបស់ពួកគេ ចាប់ផ្តើមធ្លាក់ចុះ។ មានន័យថាអាជីវកម្មនឹងត្រូវកាត់បន្ថយថ្លៃរបស់ផលិតផលរបស់ខ្លួនកាន់តែខ្លាំងឡើងនៅពេលដែលបរិត្តផរណានៅតែបន្ត។ ថ្វីបើអាជីវកម្មទាំងនេះដំណើរការជាមួយប្រសិទ្ធភាពផលិតកម្មក៏ដោយ ក៏ប្រាក់ចំណេញដុលរបស់ពួកគេនឹងធ្លាក់ចុះទោះបីជាមាន ការសន្សំពីការចំណាយប្រតិបត្តិការ។
៤.ប្រែប្រួលការចំណាយរបស់អតិថិជន(Changes in Customer Spending):
ទំនាក់ទំនងរវាងបរិត្តផរណានិងការចំណាយរបស់អតិថិជនគឺស្មុគស្មាញហើយជាញឹកញាប់មានការលំបាកក្នុងការទស្សន៍ទាយ។នៅពេលដែលសេដ្ឋកិច្ចកំពុងស្ថិតក្នុងដំណាក់កាលបរិត្តផរណា អតិថិជនតែងតែទាញយកអត្ថប្រយោជន៍ពីការធ្លាក់ចុះថ្លៃ។ដំបូងការចំណាយរបស់អតិថិជនអាចកើនឡើងយ៉ាងខ្លាំង។ទោះជាយ៉ាងណាក៏ដោយនៅពេលអាជីវកម្មចាប់ផ្តើមស្វែងរកមធ្យោបាយដើម្បីបំពេញចិត្តអតិថិជនរបស់ខ្លួននិងរក្សាការចំណាយរបស់ខ្លួន ដែលនាំអោយពួកគេគាត់បន្ថយកំលាំងពលកម្ម ឬការបន្ថយប្រាក់ឈ្នួលបុគ្គលិក កម្មករ។ជាការពិតណាស់នៅពេលដែលពួកគេកាត់បន្ថយការចំណាយរបស់ពួកគេនោះបរិយាកាសនៃបរិត្តផរណាកាន់តែអាក្រក់ទៅ ៗ ។
៥.កាត់បន្ថយការវិនិយោគ(Reduce in Investment):
នៅពេលដែលសេដ្ឋកិច្ចបានឆ្លងកាត់បរិត្តផរណាជាបន្តបន្ទាប់អ្នកវិនិយោគទុនតែងតែមើលឃើញថាការរក្សាសាច់ប្រាក់ក្នុងដៃជារស់រានល្អបំផុតមួយ ជាជាងការវិនិយោគ។ ៧. មូលហេតុដែលបណ្តាលមានអតិផរណា ( The causes of Inflation )
គ្មានទ្រឹស្តីជាក់លាក់ណាមួយនៃមូលហេតុដែលធ្វើអតិផរណាកើនឡើងដែលទទួលស្គាល់ជាទូទៅដែលវាអាស្រ័យសេដ្ឋវិទូនិងការសិក្សា ប៉ុន្តែមានមានការពន្យល់មួយចំនួនទាក់ទងនឹងបញ្ហានេះ។
ក.អតិផរណាដោយតម្រូវការ (Demand-Pull Inflation-)
អតិផរណាគឺបានបណ្តាលមកពីតំរូវការសរុបមានការកើនឡើងចំពោះទំនិញនិងសេវាកម្មដែលធ្វើអោយថ្លៃកើនឡើង។អតិផរណាពិតជាកើតឡើងនៅពេលដែលតំរូវការកើនលឿនជាការផ្គត់ផ្គង់។បញ្ហានេះកើតឡើងនៅប្រទេសដែលមានកំណើនសេដ្ឋកិច្ចលឿន។លុយច្រើនដូចមុន តែទិញទំនិញបានតិច។នៅពេលដែលប្រាក់ឈ្នួលរបស់បុគ្គលិកកម្មករកើនឡើង ពួកគេនឹងមានលុយបន្ថែមសំរាប់ចាយទៅលើទំនិញនិងសេវាកម្ម។ ជាលទ្ធផលនៅពេលមានការកើនឡើងតំរូវការ ក្រុមហ៊ុននឹងបង្កើនថ្លៃ។ នៅពេលដែលមានតម្រូវការច្រើន អ្នកផលិតអាចបង្កើនថ្លៃ ផលិតផលរបស់គេដើម្បីទទួលបានប្រាក់ចំណេញខ្ពស់។
ជាឧទាហរណ៍នៅពេលប្រាក់ឈ្នួល មានការកើនឡើងមនុស្សជាច្រើនប្រហែលជាសម្រេចចិត្ដរៀបចំគម្រោងកែលម្អផ្ទះ។ តម្រូវការកើនឡើងសម្រាប់ទំនិញនិងសេវាកម្មកែលម្អផ្ទះនឹងនាំឱ្យមានការកើនឡើងប្រាក់ឈ្នួលអ្នកគូរប្លង់ផ្ទះ អគ្គីសនី និងអ្នកម៉ៅការទូទៅដទៃទៀតដើម្បីទប់ទល់នឹងតម្រូវការកើនឡើង។ នេះនឹងជំរុញឱ្យតម្លៃទំនិញឡើងថ្លៃ។
អតិផរណាដោយសារតម្រូវការនេះអាចកើតឡើងដោយសារ
· ការលូតលាស់នៃសេដ្ឋកិច្ច (Growing Economy)
· ការរំពឹងទុកនៃអតិផរណា(expectation of inflation) ប្រជាជនរំពឹងថា នឹងមានអតិផរណាពួកគេនឹងទិញទំនិញដើម្បីជៀសវាងការឡើងថ្លៃនាពេលអនាគត។ការរំពឹងទុកនៃអតិផរណា(Expectations of inflation)ជាដើមហេតុសំខាន់ក្នុងការបង្កើតអោយមានអតិផរណាពិតប្រាកដ។ នៅពេលមនុស្សឃើញតម្លៃកំពុងកើនឡើងចំពោះទំនិញប្រចាំថ្ងៃពួកគេដោយសារមានការព្រួយបារម្ភអំពីផលប៉ះពាល់នៃអតិផរណាលើកម្រិតជីវភាពពិតរបស់ពួកគេ។
· ភាពរឹងមាំនៃម៉ាក់សញ្ញាផលិតផល (strong brand of product ) ឧទាហរណ៏ដ៏ធំមួយគឺផលិតផលរបស់ Apple រួមមាន iPod, iPad និង iPhone ។ តម្លៃទំនិញទាំងនេះគឺខ្ពស់ជាងផលិតផលដែលអាចប្រៀបធៀប។
ខ.អតិផរណាដោយសារថ្លៃដើម (Cost-push Inflation)
មួយវិញទៀតអតិផរណាកើតឡើងបណ្តាលមកពីថ្លៃដើមផលិតកម្មកើនឡើង(costs of production)។នៅពេលដែលមានបញ្ហានេះម្ចាស់ក្រុមហ៊ុនតំរូវអោយមានការកើនថ្លៃផលិតផលដើម្បីថែរក្សាប្រាក់ចំណេញប្រាក់ចំណេញដុលរបស់ពួកគេ។ការកើនឡើងថ្លៃដើមអាចរួមបញ្ចូលដូចជាប្រាក់ឈ្នួលបុគ្គលិក កម្មករ,ពន្ធ,ឬការកើនឡើងថ្លៃវត្ថុធាតុដើម ឬការនាំចូល។ជាក់ស្តែង កម្មករ និងសហជីពបានទាមទារតម្លើងប្រាក់ឈ្នួលពលកម្ម ជាមូលហេតុ ដែលនាំអោយមានអតិផរណាដែរ។ ដូច្នេះអតិផរណា ក៏អាចកើតឡើងពីសម្ពាធលើ ការផ្គត់ផ្គង់កត្តផលិតកម្ម ក្នុងទីផ្សារ។
ការកើនឡើងនៃចំណាយផលិតកម្ម បានជំរុញអោយខ្សែកោងផ្គត់ផ្គង់សរុប (Aggregate Supply) ផ្លាស់ទីមក ខាងឆ្វេង ដែលជាមូលហេតុធ្វើលំនឹងទីផ្សាររំកិលពីចំA ទៅ B និងកម្រិតមធ្យមនៃថ្លៃកើនឡើងពី P1ទៅP2
អតិផរណាដោយសារថ្លៃដើម កើតឡើងដោយសារកត្តា៖
· ថ្លៃសមាសធាតុ (Component Costs) សំដៅដល់ការកើនឡើងនូវតម្លៃវត្ថុធាតុដើមនិងសមាសភាគផ្សេងៗទៀត។ នេះប្រហែលជាដោយសារតម្លៃទំនិញកើនឡើងដូចជាប្រេងទង់ដែង និងផលិតផលកសិកម្មដែលត្រូវបានប្រើប្រាស់ក្នុងការកែច្នៃម្ហូបអាហារ។ ឧទាហរណ៍នាពេលថ្មីៗនេះបានកើនឡើងនៅក្នុងតម្លៃស្រូវសាលីនៅលើពិភពលោក។
· កំណើនថ្លៃពលកម្ម(Rising labor costs) បណ្តាលមកពីការដំឡើងប្រាក់ខែដែលធំជាងការបង្កើនផលិតភាពការងារ។ ការចំណាយលើប្រាក់ឈ្នួលជាញឹកញាប់កើនឡើងនៅពេលដែលនិកម្មភាពមានកម្រិតទាបដោយសារតែកម្មករជំនាញ មានភាពខ្វះខាតហើយនេះអាចធ្វើឱ្យប្រាក់ឈ្នួលកាន់តែខ្ពស់។ ប្រាក់ឈ្នួលអាចនឹងកើនឡើងនៅពេលដែលមនុស្សរំពឹងថានឹងមានអតិផរណាខ្ពស់ដូច្នេះពួកគេទាមទារប្រាក់ខែច្រើនដើម្បីការពារប្រាក់ចំណូលពិតប្រាកដ។ សហជីពអាចប្រើអំណាចចរចារបស់ខ្លួនដើម្បីដេញថ្លៃនិងទទួលបានប្រាក់ឈ្នួលកើនឡើង។ នេះអាចជាមូលហេតុនៃ Rising labor costs។
· អតិផរណាដោយសារប្រាក់ចំណេញ(profit-push inflation) កើតឡើងនៅពេលដែលក្រុមហ៊ុនដែលមានភាពលេចធ្លោក្នុងទីផ្សារ ប្រើប្រាស់អំណាចទីផ្សាររបស់ពួកគេ (នៅគ្រប់កម្រិតតម្រូវការ)ដើម្បីបង្កើនថ្លៃខ្ពស់ជាងការចំណាយ។
· ការធ្លាក់ចុះនៃអត្រាប្តូរប្រាក់(A fall in the exchange rate) នេះអាចបណ្តាលអោយមានអតិផរណាដោយសារថ្លៃ ដោយសារវានាំឱ្យមានការកើនឡើងនៃតម្លៃទំនិញនាំចូលអាចជាទំនិញប្រើប្រាស់ ឬវត្ថុធាតុដើមចាំបាច់សំរាប់ផលិតផលិតផលសម្រេច។
· ពន្ធប្រយោលខ្ពស់ (Higher indirect taxes)ឧទាហរណ៍ ការកើនឡើងអត្រាពន្ធលើជាតិអាល់កុល ប្រេងឥន្ធនៈនិងបារីឬការកើនឡើងពន្ធលើតម្លៃបន្ថែម។ អាស្រ័យហេតុនេះ ជាស្វ័យប្រវត្តិថ្លៃទំនិញកើនឡើងស្របនឹងការកើនពន្ធប្រយោល។
គ.អតិផរណាដោយសារការគោលនយោបាយរូបិយវត្ថុ(Monetary Inflation)
ម្យ៉ាងវិញទៀតអតិផរណាក៏អាចបង្ករពីការផ្គត់ផ្គង់រូបិយវត្ថុក្នុងសេដ្ឋកិច្ច។មូលហេតុដំបូងនៃអតិផរណាគឺការកើនឡើងការផ្គត់ផ្គង់លុយក្នុងសេដ្ឋកិច្ចប្រសិនបើការផ្គត់ផ្គង់រូបិយវត្ថុច្រើនពេកនោះ នឹងធ្វើអោយតំលៃរបស់វាធ្លាក់ចុះ ជាលទ្ធផលគឺថាថ្លៃនៃគ្រប់ទំនិញច្បាស់ជាកើនឡើង។នៅពេលធនាគារកណ្តាលសំរេចបន្ថែមបរិមាណរូបិយវត្ថុក្នុងអត្រាខ្ពស់ជាងអត្រាកំណើនរបស់សេដ្ឋកិច្ចតម្លៃនៃប្រាក់អាចធ្លាក់ចុះ ។ជាលទ្ធផលការកាត់បន្ថយនេះនឹងបង្ខំឱ្យថ្លៃនៃផលិតផលកើនឡើង ដោយសារតែរូបិយប័ណ្ណនីមួយៗមានតំលៃទាប។
ឃ.អតិផរណាដោយសារបំណុលជាតិ(The National Debt)
ដូចដែលយើងបានដឹងថាសហរដ្ឋអាមេរិកគឺជាប្រទេសដែលមានបំណុលច្រើនជាគេដែលវាជារឿងមិនល្អមួយ ប៉ុន្តែតើអ្នកបានដឹងទេថាហេតុអ្វីបានជាបញ្ហានេះធ្វើអោយកើតមានអតិផរណា? មូលហេតុសំរាប់បញ្ហានេះគឺបំណុលជាតិកើនឡើង រដ្ឋាភិបាលមានជំរើសពីគឺបង្កើនពន្ធ និងបោះពុម្ភលុយបន្ថែមដើម្បីសងបំណុល។ពន្ធកើនឡើងនឹងបណ្តាលអោយថ្លៃទំនិញនិងសេវាកម្មកើនឡើងដូចគ្នា។ ម្យ៉ាងវិញរដ្ឋាភិបាលជ្រើសរើសនូវជំរើសមួយទៀតគឺបោះពុម្ភលុយបន្ថែមដែលធ្វើអោយឈានអោយមានផលប៉ះពាល់ដោយផ្ទាល់ក្នុងការផ្គត់ផ្គង់លុយដែលធ្វើអោយធ្លាក់ចុះតំលៃរូបិយវត្ថុនិងថ្លៃទំនិញនិងសេវាកម្មកើនឡើង។
ង.អតិផរណាដោយសារអត្រាប្តូរប្រាក់(Exchange Rates)
ជារៀងរាល់ថ្ងៃយើងជាអ្នកប្រើប្រាស់មិនសូវខ្វល់ពីអត្រាប្តូរប្រាក់រវាងដៃគូពាណិជ្ជកម្មបរទេស ប៉ុន្តែនៅក្នុងសេដ្ឋកិច្ចពិភពលោក ការកើនឡើងអត្រាប្តូរប្រាក់គឺជាកត្តាមួយក្នុងចំណោមកត្តាសំខាន់បំផុតក្នុងការកំណត់អត្រាអតិផរណារបស់យើង។នៅពេលអត្រាប្តូរប្រាក់នៃប្រាក់ដុល្លារធ្លាក់ចុះបានធ្វើអោយរូបិយវត្ថុអាមេរិកមិនសូវមានតម្លៃដោយប្រៀបធៀបនឹង រូបិយប័ណ្ណបរទេសនេះធ្វើឱ្យ ទំនិញនិងទំនិញប្រើប្រាស់បរទេសដែលនាំចូល មានតម្លៃថ្លៃដល់អតិថិជនអាមេរិកហើយស្របពេលដែលទំនិញទំនិញនិងសេវាកម្មរបស់សហរដ្ឋអាមេរិចមានតំលៃថោកសម្រាប់អតិថិជននៅក្រៅប្រទេស។
៨. មូលហេតុដែលនាំអោយមានបរិត្តផរណា(Causes Of Deflation)
បរិត្តផរណាអាចបណា្តលមកពីកតា្តមួយចំនួន ដែលបានកើតឡើងពីការផា្លស់ប្តូរការផ្គត់ផ្គង់និងតម្រូវការ។ សូមចាំថា តម្លៃនៃទំនិញនិងសេវាកម្មទាំងអស់ត្រូវរងផលប៉ះពាល់យ៉ាងខ្លាំងដោយការផ្លាស់ប្តូរក្នុងការផ្គត់ផ្គង់និងតម្រូវការដែលមានន័យថាប្រសិនបើតម្រូវការធ្លាក់ចុះ នោះថ្លៃនឹងត្រូវធ្លាក់ចុះ។ ម្យ៉ាងវិញទៀតការផ្លាស់ប្តូរក្នុងការផ្គត់ផ្គង់និងតម្រូវការរូបិយវត្ថុរបស់ប្រទេសមួយដើរតួនាទីយ៉ាងសំខាន់នៅក្នុងការកំណត់តម្លៃនៃទំនិញនិងសេវាកម្មរបស់ប្រទេស។
ទោះបីជាមានមូលហេតុជាច្រើនដែលបរិត្តផរណាអាចកើតឡើងក៏ដោយមូលហេតុដូចខាងក្រោមនេះ:
ក.ការថយចុះការផ្គត់ផ្គង់រូបិយវត្ថុ(Decrease in Currency Supply)
ខណៈដែលការផ្គត់ផ្គង់រូបិយវត្ថុ មានការថយចុះ នោះថ្លៃទំនិញ និងសេវាកម្មនឹងថយចុះដូច្នេះប្រជាជនអាចមានលទ្ធភាពទិញទំនិញបាន។ តើការផ្គត់ផ្គង់រូបិយវត្ថុអាចធ្លាក់ចុះយ៉ាងដូចម្តេច? ហេតុផលមួយគឺតាមរយៈប្រព័ន្ធធនាគារកណ្តាល។
ខ.ការកើនប្រសិទ្ធភាពនៃផលិតកម្ម(Increased Productivity)
ដំណោះស្រាយច្នៃប្រឌិតនិងដំណើរការថ្មីជួយបង្កើនប្រសិទ្ធិភាពដែល ចុងក្រោយនាំទៅរកការបញ្ចុះថ្លៃផលិតផល។ ទោះបីជាការច្នៃប្រឌិតខ្លះប៉ះពាល់ដល់ផលិតភាពនៃឧស្សាហកម្មមួយចំនួនក៏ដោយក៏វិស័យផ្សេងទៀតអាចជះឥទ្ធិពលយ៉ាងខ្លាំងទៅលើសេដ្ឋកិច្ចទាំងមូល។
គ.ការធ្លាក់ចុះតម្រូវការនៃទំនិញនិងសេវាកម្មគឺជាមូលហេតុចម្បង (Fall in demand for goods and services are the primary causes)
នេះដោយយោងទៅតាមច្បាប់នៃតំរូវការ
· តំរូវការកើនឡើង នាំអោយថ្លៃកើនឡើង
· តំរូវការថយចុះ នាំអោយថ្លៃធ្លាក់ចុះ
ឃ. មានការសន្សំច្រើនជាងមុន (More saving more than before)
មនុស្សខ្លះចាប់ផ្តើមសន្សំច្រើនជាងពេលមុន ដែលជាមូលហេតុក្នុងកាត់បន្ថយតំរូវការសរុប ដែលនាំអោយឈានដល់ការធ្លាក់ចុះថ្លៃលក់។
ង.ការផ្តត់ផ្គង់លើស(Excess of supply)
ក្នុងករណីនេះការផ្គត់ផ្គង់សរុបនឹងលើសតម្រូវការសរុបដូច្នេះកម្រិតតម្លៃនឹងធ្លាក់ចុះ
ច.ការធ្លាក់ចុះនៃចំណូល(Decline in incomes of the people)
ការធ្លាក់ចុះនៃចំណូលរបស់ប្រជាជនក៏អាចបង្កឱ្យមានបរិត្តផរណានៅក្នុងសេដ្ឋកិច្ចផងដែរ។ ដោយសារតែការកាត់បន្ថយកំរិតប្រាក់ចំណូលរបស់ប្រជាជនជាអ្នកកំណត់ ការធ្លាក់ចុះតម្រូវការសរុបសម្រាប់សេវា ទំនិញ មានន័យថាប្រាក់ចំណូលតិចជាងការផ្គត់ផ្គង់សរុបដូច្នេះថ្លៃបានចាប់ផ្តើមធ្លាក់ចុះ។
៩. ការត្រួតពិនិត្យអតិផរណា (Controlling Inflation)
អតិផរណាគឺបណ្តាលមកពីភាពបរាជ័យនៃការផ្តត់ផ្គង់ មានន័យថាអសមត្ថភាពក្នុងការធ្វើអោយការផ្គត់ផ្គង់ស្មើនឹងតំរូវការ។អតិផរណាគឺជាធម្មតាគ្រប់គ្រងនិងត្រួតពិនិត្យដោយធនាគារកណ្តាល ឬរដ្ឋាភិបាល។វិធានការសំខាន់មួយចំនួនដើម្បីគ្រប់គ្រងអតិផរណាមានដូចខាងក្រោម: គោលនយោបាយរូបិយវត្ថុ(Monetary policy ) ការត្រួតពិនិត្យការផ្គត់ផ្គង់រូបិយវត្ថុ(Control of money supply) គោលនយោបាយសារពើពន្ធ(Fiscal policy) និង ការត្រួតពនិត្យប្រាក់ឈ្នួល(Wage controls)៖
ក.គោលនយោបាយរូបិយវត្ថុ (Monetary Policy)
កំណត់អត្រាការប្រាក់ (Setting interest rates):
អត្រាការប្រាក់ខ្ពស់ជាងមុនកាត់បន្ថយតំរូវការក្នុងការប្រើប្រាស់ឥណទាន ដែលធ្វើអោយសេដ្ឋកិច្ចរីកចំរើនទាបជាងមុននិងអតិផរណាទាប។
ក្នុងកំឡុងពេលដែលសេដ្ឋកិច្ចរីកចំរើនលឿន តំរូវការក្នុងសេដ្ឋកិច្ចអាចកើនឡើងលឿនជាងសមត្ថភាពដែលយើងអាចបំពេញតំរូវការនោះបាន។បញ្ហានេះនំាអោយបង្កើតជាសម្ពាធនៃអតិផរណា ដែលសហគ្រាសធ្វើការឆ្លើយតបទៅនឹងបញ្ហានេះដោយការតំឡើងថ្លៃ។យើងអាចនិយាយថាតំរូវការរុញច្រានអោយកើតមានអតិផរណា។ទោះជាយ៉ាងណាក៏ដោយ ការកាត់បន្ថយការកើនឡើងនៃតំរូវការសរុប វាក៏ជួយកាត់បន្ថយសម្ពាធអតិផរណា។
ធនាគារកណ្តាលគួរតែបង្កើនអត្រាការប្រាក់។ អត្រាការប្រាក់ខ្ពស់ជាងមុន ធ្វើការចំណាយក្នុងការខ្ចីប្រាក់ខ្ពស់ជាងមុន ហើយការសន្សំប្រាក់មានការចាប់អារម្មណ៍ច្រើនជាងមុន។ក្នុងករណីនេះវានាំអោយការប្រើប្រាស់និងការវិនិយោគមានការធ្លាក់ចុះ។
អត្រាការប្រាក់ខ្ពស់គួរតែអាចធ្វើអោយមានអត្រាប្តូរខ្ពស់ ដែលនឹងជួយកាត់បន្ថយបម្ពាធអតិផរណាដោយ
· ធ្វើអោយផលិតផលនាំចូលថោកជាងមុន(Making imports cheaper)
· កាត់បន្ថយតំរូវការសំរាប់ការនាំចេញ(Reducing demand for exports and) ដែលធ្វើអោយអ្នកនាំចេញកាត់បន្ថយថ្លៃ(Increasing incentive for exporters to cut costs.)
ខ.គោលនយោបាយសារពើពន្ធ(Fiscal Policy)
រដ្ឋាភិបាលអាចបង្កើនពន្ធ (ដូចជាពន្ធលើប្រាក់ចំណូលនិងពន្ធអាករ)។ នេះធ្វើអោយស្ថានភាពថវិកាមានភាពប្រសើរឡើងនិងជួយកាត់បន្ថយតម្រូវការក្នុងសេដ្ឋកិច្ច។
គោលនយោបាយនេះកាត់បន្ថយអតិផរណាដោយកាត់បន្ថយកំណើននៃតម្រូវការសរុប។ ប្រសិនបើកំណើនសេដ្ឋកិច្ចឆាប់រហ័ស ការកាត់បន្ថយកំណើនផលិតផលសរុប អាចកាត់បន្ថយសម្ពាធអតិផរណាដោយមិនបង្កឱ្យមានវិបត្តិសេដ្ឋកិច្ច។
តែក្នុងករណីមួយទៀត ប្រសិនបើប្រទេសមួយមានអតិផរណាខ្ពស់ និង កំណើនសេដ្ឋកិច្ចអវិជ្ជមាន នោះការកាត់បន្ថយនូវតម្រូវការជាទូទៅ អាចនឹងមិនដោះស្រាយបានទេព្រោះការកាត់បន្ថយអតិផរណាដែលធ្វើអោយតំរូវការសរុបធ្លាក់ចុះ ព្រោះយើងមិនអាចអុវត្តន៍ចំពោះពេលដែលមានសេដ្ឋកិច្ចធ្លាក់ចុះ និងអត្រាគ្មានការងារធ្វើកើនឡើង។ ពួកគេនៅតែអាចកាត់បន្ថយអតិផរណាបានប៉ុន្តែវានឹងធ្វើឱ្យខូចខាតដល់សេដ្ឋកិច្ច។
គ.គោលនយោបាយផ្សេងៗទៀតដើម្បីកាត់បន្ថយអតិផរណា(Other Policies to Reduce Inflation)
1. ការត្រួតពិនិត្យប្រាក់ឈ្នួល (Wage Control)
បន្ថយកំណើនប្រាក់ឈ្នួលជួយកាត់បន្ថយអតិផរណាដោយសារថ្លៃដើម(cost push inflation)និងជួយធ្វើអោយអតិផរណាដោយតំរូវការ(demand pull inflation)មានកំរិតមធ្យម។
ទោះយ៉ាងណាក៏ដោយនៅទសវត្សឆ្នាំ 1970 នៅពេលចក្រភពអង់គ្លេសបានរកឃើញ វាអាចមានការពិបាកក្នុងការគ្រប់គ្រងអតិផរណាតាមរយៈគោលនយោបាយប្រាក់ចំណូល ប្រសិនបើសហជីពមានអំណាច។
2. Monetarism
Monetarism ព្យាយាមគ្រប់គ្រងអតិផរណាតាមរយៈការគ្រប់គ្រងការផ្គត់ផ្គង់រូបិយវត្ថុ។ Monetarists ជឿជាក់ថាមានទំនាក់ទំនងរឹងមាំរវាងការផ្គត់ផ្គង់លុយនិងអតិផរណា។ ប្រសិនបើអ្នកអាចគ្រប់គ្រង ការផ្គត់ផ្គង់រូបិយវត្ថុបាន នោះអ្នកគួរតែអាចធ្វើឱ្យអតិផរណាស្ថិតក្រោមការគ្រប់គ្រងបាន។
១០. វិធីសាស្រ្តដើម្បីគ្រប់គ្រងបរិត្តផរណា(Methods to Control Deflation)
មានមូលហតុឫសគល់ជាច្រើននៃបរិត្តផរណា នៅទីនេះក៏មានមធ្យោបាយជាច្រើនដើម្បីគ្រប់គ្រងបរិត្តផរណា:
ក.ការពង្រីករូបិយវត្ថុ (Currency Expansion)
បរិត្តផរណាអាចត្រូវបានត្រួតពិនិត្យតាមរយះជាការពង្រីករូបិយវត្ថុ ឬការបង្កើនបរិមាណរូបិយវត្ថុ។ ធនាគារកណ្តាលអាចបោះពុម្ភរូបិយវត្ថុថ្មី ដើម្បីបង្កើនការផ្គត់ផ្គង់រូបិយវត្ថុនៅក្នុងប្រទេស។ លុយថ្មីត្រូវបានបញ្ចូលទៅក្នុងសេដ្ឋកិច្ច។ ប្រជាជនទទួលបានប្រាក់ចំណូលច្រើនជាងនេះ។ ពួកគេចំណាយកាន់តែច្រើនលើទំនិញនិងសេវាកម្ម។ តម្រូវការកើនឡើងដែលបង្កើនកម្រិតផលិតកម្ម។ នៅក្នុងវិធីនេះបរិត្តផរណាត្រូវបានជំរុញចេញពីសេដ្ឋកិច្ច។
ខ.ពង្រីកឥណទាន(Credit Expansion)
ការពង្រីកឥណទានគឺជាវិធីសាស្ត្រមួយដើម្បីគ្រប់គ្រងបរិត្តផរណា។ ធនាគារកណ្តាលអាចស្នើសុំឱ្យធនាគារពាណិជ្ជពង្រីកទំហំឥណទានរបស់ខ្លូននៅក្នុងប្រទេស។ អត្រាការប្រាក់ត្រូវបានថយចុះ។ សកម្មភាពអាជីវកម្មកើនឡើង ហើយបរិត្តផរណាត្រូវបញ្ចប់។បរិត្តផរណា អាចគ្រប់គ្រងបានតាមរយៈឥណទានអតិថិជន។ ប្រាក់កម្ចីត្រូវផ្តល់ជូនអតិថិជនដើម្បីទិញទ្រព្យសម្បត្តិគ្រួសារ។ ការសងដោយបង់រំលោះនៃប្រាក់កម្ចី អាចជួយផ្តល់ដល់អ្នកខ្ចី។ ប្រាក់បន្ថែមជួយប្រជាជនពង្រីកសកម្មភាពអាជីវកម្ម។ ឥណទានរបស់អតិថិជនគឺជាមធ្យោបាយមួយក្នុងការលុបបំបាត់មេរោគបរិត្តផរណា។
គ.អនុបាតប្រាក់បំរុងធនាគារទាប(Low Reserve Ratio)
អនុបាតប្រាក់បំរុងធនាគារទាប គឺជាឧបករណ៍មួយដើម្បីគ្រប់គ្រងបរិត្តផរណា។ ឧទាហរណ៍ តាមច្បាប់ធនាគារពាណិជ្ជត្រូវដាក់ប្រាក់ 5% នៃទុនសរុប របស់ពួកគេជាមួយធនាគារកណ្តាល។ ការថយចុះអនុបាតប្រាក់បំរុងធនាគារ ជួយជំរុញឱ្យធនាគារពាណិជ្ជផ្តល់ប្រាក់កម្ចីបន្ថែមទៀត។ នៅពេលមានកង្វះថវិការធនាគារអាចខ្ចីប្រាក់ពីធនាគារកណ្តាល។ ការកើនឡើងអត្រាប្រាក់កម្ចីជាជំហានមួយទៀតដើម្បីសំលាប់កម្លាំងអាក្រក់នៃបរិត្តផរណា។
ឃ.ការថយចុះពន្ធ (Tax Decrease)
បរិត្តផរណាអាចត្រូវបានគ្រប់គ្រងតាមរយះការកាត់បន្ថយអត្រាពន្ធ។ អត្រាពន្ធអាចនឹងត្រូវកាត់បន្ថយហើយប្រាក់ចំណូលផ្ទាល់ខ្លួនអាចកើនឡើង។ ចំនួនទឹកប្រាក់ដែលបានរក្សាទុកអាចត្រូវបានប្រើសម្រាប់ការទិញទំនិញនិងសេវាកម្ម។ តម្រូវការទំនិញកើនឡើង។ ពាណិជ្ជករព្យាយាមបង្កើនកំរិតផលិតកម្ម។
ង.ការងារសាធារណៈ (Public Works)
រដ្ឋាភិបាលអាចចាប់ផ្តើមការងារសាធារណៈដើម្បីលុបបំបាត់បរិត្តផរណា។ ការសាងសង់ផ្លូវថ្នល់ទំនប់ទឹក ស្ពានមន្ទីរពេទ្យ សាលារៀន និងគម្រោងថាមពលគឺអាចធ្វើទៅបាន។ ចំនួនទឹកប្រាក់ត្រូវបានផ្ទេរពីរដ្ឋាភិបាលទៅសាធារណជនទូទៅ។ ប្រាក់ចំណូលរបស់មនុស្សកើនឡើង។ តម្រូវការកើនឡើងនិងមានការកែលម្អផលិតកម្ម។ ការងារសាធារណៈដែលបានបង្កើតឡើងគឺជាវិធីមួយផ្សេងទៀតដើម្បីលុបបំបាត់បរិត្តផរណា។
១១. ការគណនាអត្រាអតិផរណា (Inflation Calculation)
v សន្ទស្សថ្លៃនៃអ្នកប្រើប្រាស់ (Consumer Price Index)
កំរិតថ្លៃត្រូវបានគេវាស់តាមរយះសន្ទស្សន៍ថ្លៃទំនិញនិងសេវាកម្មប្រើប្រាស់ (Consumer Price Index, CPI)។ ដើម្បីកំណត់ថ្លៃ គេជ្រើសរើសយកទំនិញ និងសេវាកម្មប្រើប្រាស់សំខាន់ៗមួយចំនួន ដែលតំណាងអោយការប្រើប្រាស់ក្នុងជីវភាពរស់នៅប្រចាំថ្ងៃរបស់គ្រួសារ មកបញ្ចូលនៅក្នុងកន្រ្តកទំនិញ(Basket of Commodity) ដោយកត់ត្រានូវថ្លៃឯកតារបស់ទំនិញ និងសេវាកម្មនីមួយៗ ។CPI សម្រាប់វាស់ចំណាយនៃការរស់នៅ (Cost of Living) ក្នុងរយះពេលជាក់លាក់។បន្ទាប់មកគេគណនាផលធៀបរវាងថ្លៃទំនិញនិងសេវាកម្មសរុប ក្នុងគ្រាបច្ចុប្បន្ន(Base Period) និងថ្លៃទំនិញ និងសេវាកម្មសរុប ក្នុងឆ្នាំគោល។
១២. សេចក្តីសន្និដ្ឋាន (Conclusion )
ជាការពិតណាស់វាជាកិច្ចការសំខាន់ដែលយើងចាំបាច់ត្រូវ
· ស្គាល់ថាតើអ្វីទៅជាអតិផរណា?
· តើវាបណ្តាលមកពីបញ្ហាអ្វីខ្លះដែលធ្វើអោយមានអតិរផរណា?
· តើភាពផ្ទុយរបស់អតិផរណាជាអ្វី?
· តើយើងមធ្យោបាយអ្វីខ្លះដែលជួយអោយយើងអាចប្រើដើម្បីទប់ទល់នឹង អតិផរណា និងបរិត្តផរណា?
· តើយើងគណនាអត្រាប្រែប្រួលនៃអតិផរណាយ៉ាងដូចម្តេច?
ដោយសារក្នុងនាមយើងជាប្រជាជនម្នាក់ដែលរស់នៅក្នុងប្រទេសមួយ ត្រូវដឹងពីបញ្ហានេះ។ អតិផរណាកើតឡើងវាធ្វើអោយប៉ះពាល់ ដល់ការសន្សំប្រាក់សំរាប់ការចូលនិវត្តន៍ មានន័យថាវាប៉ះពាល់ដល់ការរស់នៅពេញមួយជីវិត។ បើយើងដឹងច្បាស់ពីបញ្ហាអតិផរណា យើងអាចត្រៀមខ្លួនក្នុងការរស់នៅអោយសមស្រប។
ស្រាវជ្រាវដោយ កញ្ញា យឿង ស្រីនិត
ឯកសារយោង
7) Macroeconomics of National University of Management by Keo Koyley
留言